Voeux de fin d'année de S.Exc. Vice Premier Ministre Prak Sokhonn...

 
DPM-PrakSokhonn_photo_150pxD.jpg
 
 
ដល់រដូវកាលជូនពរទៀតហើយ!
 
ពីមួយឆ្នាំទៅមួយឆ្នាំ យើងនាំគ្នាសម្របខ្លួនទៅតាមគន្លងនៃទំនៀមទម្លាប់ដែលមានអាយុកាលរាប់រយពាន់ឆ្នាំមកហើយ។ សម័យមុន តែក៏មិនយូរអីប៉ុន្មាន 
យើងនាំគ្នាសរសេរសំបុត្រ រចនាប័ណ្ណ ឬក៏ជូនពរគ្នាដោយផ្ទាល់ អ្នកតូចកាន់កន្ត្រក់ផ្កា ឬផ្លែឈើទៅជូនអ្នកធំក៏មាន! សម័យទូរស័ព្ទឆ្លាត (Smart Phone) យើងអាចបន្តទំនៀមទម្លាប់នេះតាមរបៀបថ្មី ទំនើប ងាយស្រួល ផ្ញើភ្លាមដល់ភ្លែត ចង់បានជាVideo Clip ជារូបភាព ជាសារសម្លេង ឬអក្សរ…ក៏បាន អស់លុយតិច ហើយផ្ញើម្តងដល់រាប់រយនាក់ទៀត។
 
យប់នេះ បើមិនដាក់ទូរស័ព្ទចូល silent mode ទេនោះ គឺមិនបាច់ដេកទេ ព្រោះសារជូនពរនឹងហូរចូលទីងតុងៗតកន្ទុយមិនដាច់!
 
ឆ្នាំ២០២០ នឹងអស់អាណត្តិ។ គ្មានពេលណាដែលសារជូនពរឲ្យមានសុខភាពល្អ មានន័យជាងពេលនេះទេ។ Covid-19 បានបង្កនូវវិបត្តិសកលក្នុងវិសាលភាពមិនធ្លាប់មាន ដែលរាលដាលពីវិស័យសុខាភិបាលដល់សេដ្ឋកិច្ច សង្គម និងនយោបាយទៀតផង។ ការផ្ទុះឡើងនៃរលកទី២, ទី៣ និងការកើតចេញនូវវីរុសដែលវិវត្តន៍ថ្មី រឹតតែធ្វើឲ្យពរសុខភាពល្អនេះមានសារៈសំខាន់ទៅទៀត។ អ្នកខ្លះថា គ្រាន់តែជូនពរមិនអាចយកឈ្នះលើ Covid-19 នេះបានទេ។ ត្រូវមានវ៉ាក់សំាង មានថ្នាំព្យាបាល មាន គ្រូពេទ្យថែទាំ មានឧបករណ៍ជួយសង្គ្រោះ ក្នុងករណីធ្ងន់ធ្ងរ ។ល។ ត្រូវហើយ! តែពាក្យចាស់លោកពោលថា “អាគមផ្សំអាយុ” មានទៅខាតអីគ្រាន់តែជូននិងទទួលពរនោះ យ៉ាងហោចក៏បានចំរើនកំលាំងចិត្តដែរ!
 
យ៉ាងណាក៏ដោយ ក៏ឆ្នាំ ២០២១ ចាប់ផ្តើមជាមួយនឹងការអនុម័ត និងការចាក់ វ៉ាក់សំាងដំបូងៗ និងច្រើនប្រភព នៅអាស៊ី អឺរ៉ុប និងអាមេរិក ទោះបីនៅមានភាពមិនច្បាស់លាស់ខ្លះពាក់ព័ន្ធនឹងអាយុកាលការការពារខ្លួនបាន ការចម្លងវីរុសពីអ្នកចាក់វ៉ាក់សំាងហើយទៅអ្នកដ៏ទៃ ប្រសិទ្ធិភាពនៃវ៉ាក់សំាងដែលបានអនុម័តហើយចំពោះវីរុស វិវត្តន៍ថ្មី ។ល។ ទោះយ៉ាងនេះក៏ដោយ ក៏វ៉ាក់សាំងជាក្តីសង្ឃឹមដ៏ធំបំផុតរបស់មនុស្សជាតិយើងក្នុងការយកឈ្នះ Covid-19 នេះដែរ។
រឿងធំមួយទៀតដែលយើងនាំគ្នាដាក់ក្តីសង្ឃឹមទៅលើនោះគឺ ការបន្ថយភាពតានតឹងដែលបានកើនឡើងដល់កំរិតគួរឲ្យបារម្ភខ្លំាងមែនទែនក្នុងឆ្នាំនេះរវាងមហាអំណាចកំពូលទាំង២ ដែលអ្នកសង្កេតទូទៅឲ្យឈ្មោះថាជាសង្គ្រាមត្រជាក់ថ្មី។ ជាមួយនឹងការចូលកាន់ដំណែងរបស់លោក Joe Biden គេនាំគ្នាសង្ឃឹមថា អាមេរិកនឹងវិលមករកគន្លង នៃពហុភាគីនិយម ដែលជាមាគ៌ានយោបាយប្រសើរបំផុតសម្រាប់ទំនាក់ទំនងអន្តរជាតិ។
 
យើងក៏សង្ឃឹមថា ការគ្រប់គ្រងCovid-19បាន គួបផ្សំនឹងការសម្រួលឡើងវិញទំនាក់ទំនងរវាងមហាអំណាចពិភពលោកនឹងបើកផ្លូវនិងបង្កលក្ខណៈងាយស្រួលឲ្យប្រជាជាតិនានាស្តារសេដ្ឋកិច្ចខ្លួនឡើងវិញ និងដកខ្លួនផុតពីការជាប់ផុងក្នុងឱនភាពដែលអាចជ្រៅទៅៗ បើនយោបាយមោហ៍បាំងយកឈ្នះ-ចាញ់ដាច់ខាតនៅតែនាំមុខ…
ហេតុនេះហើយ យើងក៏នាំគ្នាជូនពរទៅវិញទៅមកពពាក់ពពូន ហូរហែតទៅជាទម្លាប់។ ពរទាំងនោះពុំមានអ្វីប្លែកប៉ុន្មានទេ គឺសុខភាពល្អ កំលំាងពលំមាំមួន ជ័យជំនះ និងសុភមង្គល។ តែអ្វីដែលសំខាន់គឺទឹកចិត្តស្មោះស ដែលយើងនំាគ្នាជូនពរឲ្យអ្នកដែលយើងរាប់អានស្រឡាញ់ មានសុខភាពល្អ កុំបីឈឺថ្កាត់ រឹងមាំ សម្រេចជោគជ័យក្នុងគ្រប់កិច្ចការតូចធំទំាងពួង ហើយពិសេសគឺមានសុភមង្គលក្នុងក្រុមគ្រួសារ សុភមង្គលគ្រប់ពេលវេលា ទាំងយប់ថ្ងៃ។ មិនចាំបាច់ប្រឹងប្រែងកោងខ្នងស្វែងរកសុភមង្គលនៅឯចុងផ្លូវនោះទេ ព្រោះសុភមង្គលនៅតែតាមដងផ្លូវដែលយើងធ្វើដំណើរនោះហើយ។
 
អ្នកការទូតដែលកំពុងបំពេញបេសកកម្មនៅបរទេសជាយុទ្ធជនឈរជើងនៅសមរភូមិជួរមុខបំផុត។ សម្រាប់ឆ្នាំនេះ ពាក្យនេះមានន័យទ្វេ គឺសមរភូមិការទូតផង សមរភូមិកូវីដផង។ ប្រទេសដែលអ្នកការទូតយើងកំពុងស្នាក់នៅជាប្រទេសដែលមានអ្នកឆ្លងរហូតដល់រាប់លាន អ្នកស្លាប់រាប់ម៉ឺន ដែលមានន័យថាបេសកកម្មរបស់អ្នកនោះស្ថិតក្នុងហានិភ័យខ្ពស់បំផុត។ ខ្លះបានឆ្លងកូវីដ តែសំណាងល្អទាំងអស់គ្នាបានជាសះស្បើយវិញហើយ។ ខ្ញុំសូមជូនពរដល់អ្នកទាំងនោះ ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសុខភាពល្អ ចៀសផុតការឆ្លងជំងឺដ៏កាចសាហាវនេះ។
 
ពរទាំងនេះក៏សូមជូនដល់មន្ត្រី បុគ្គលិកទាំងអស់នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រុមការងារចុះជួយស្រុកស្អាង សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់។
 
សូមឆ្នាំថ្មី ២០២១ នាំមកនូវសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ដល់អ្នកគ្រប់គ្នា៕